ភ្នំពេញ ៖ បន្ថែមពីការផ្ញើសារ អបអរសាទរ ខួប២១ឆ្នាំ ដែលកម្ពុជា ចូលជាសមាជិក អាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ជាការពិតអាស៊ាន បានក្លាយជាស្នូលមួយ នៃនយោបាយ ការបរទេស របស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំង បានតាមរយៈការផ្សារភ្ជាប់ ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ច របស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ថា ថ្ងៃនេះគឺជាខួប២១ឆ្នាំ (៣០ មេសា ១៩៩៩ – ៣០ មេសា ២០២០) ដែលកម្ពុជា ចូលជាសមាជិកអាស៊ាន ។ ចាប់តាំងពីបានក្លាយជា សមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ១៩៩៩មក កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍ អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតី នៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។
សម្ដេចតេជោ បន្ដថា «ជាការពិត អាស៊ានបានក្លាយ ជាស្នូលមួយ នៃនយោបាយការបរទេស របស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំង បានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និង កិច្ចសហប្រតិបត្តិការអន្តរ ជាតិ»។
សម្ដេចតេជោ បន្ថែមថា ក្នុងខណៈដែលកម្ពុជា ប្តេជ្ញាសម្រេចនូវចក្ខុវិស័យ ក្នុងការក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០ កម្ពុជាចាត់ទុកសហគមន៍ អាស៊ាន ជាប្រភព នៃសន្តិភាព សន្តិសុខ និងវិបុលភាព សំរាប់ប្រជាជនខ្មែរ៕ E B